កុលបុត្រ កុលធីតាខ្មែរគ្រប់រូបពិតជាមានសំណាង ពីព្រោះយើងមានប្រទេសមួយដែលពោពេញទៅដោយ កិត្តិនាមល្បីល្បាញ ទាក់ទងពីវប្បធម៍ អរិយធម៍ ប្រាង្គសិលា ប្រាសាទបុរាណពេញពេញប្រទេស ។ សូម្បីតែ
នាមប្រទេសយើង កម្ពុជាមានន័យជ្រាលជ្រៅអនេក ។ បើយោងទៅតាមវចនានុក្រមរបស់សម្តេចសង្ឈរាជ
ជួន ណាត ពាក្យកម្ពុជា គីមានដើមកំណើតពី ពីរពាក្យ គឺ កម្ពុ និង ពាក្យ ជា ។ ពាក្យកម្ពុ មានន័យថា មាស និង ពាក្យ ជ ឬ ជា មានន័យថា កំណើត ឬ កើត ។ ដូច្នេះ បានសេចក្តីថា ពាក្យថា កម្ពុជា មានន័យថា ទីដែលសម្បូរ
ទៅដោយវត្ថុមានតម្លៃដូចជារ៉ែមាស ជាដើម ។ នេះក៏អាចពន្យល់ទាក់ទងពីពាក្យដែលយើងតែងតែហៅប្រទេស
យើងថាជាដែនដី សុវណ្ណភូមិ គឺមកពីពាក្យទាំងពីរនេះបូកចូលគ្នានេះហើយ ។
យើងក៏អាចហៅប្រទេសយើងតាមនាមទាំងអស់នេះបានដែរ (កម្ពុជរដ្ឋ កម្ពុជប្រទេស ខេមរប្រទេស ឬ ខេមររដ្ឋ)។
បើនិយាយពីដើមកំណើតនៃភាសាខ្មែរវិញ អាយុកាលនៃអក្សរសាស្ត្រខ្មែរមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ បណ្ឌិត និង កវីកម្ពុជាដ៏ល្បីល្បាញមានវត្តមាននៅលើដែនដីសុវណ្ណភូមិនេះជាយូរណាស់មកហើយ ។ កាលនៅសម័យអង្គរ បណ្ឌិត និងកវីកម្ពុជាមានដូចជា បណ្ឌិត សិវ សោម (រឿង មហាភារតៈ សិលាចារឹក – ប្រាសាទកណ្តោល)បណ្ឌិត យតិអមរ ភាវៈ(សិលាចារឹក – ភ្នំបាយ័ង្ក) ។ល។ តមកដល់ជំនាន់ក្រោយៗ មានបណ្ឌិត និង កវីជាច្រើនទៀតដូចជា ព្រះអង្គដួង (ចម្ប៉ាថោង រឿងកាកី ច្បាប់ស្រី មហាវេស្សន្តរ(ពាក្យកំរងកែវ) ភិក្ខុសោម (រឿង ទុំទាវ រឿង ផ្ការាំទឹករាំ) ភិរម្យង៉ុយ (ច្បាប់ល្បើកថ្មី កេរកាលថ្មី សេចក្តីរំលឹកដាស់តឿន ពាក្យកាព្យប្រដៅទូន្មាន ជនប្រុសស្រី) រួមទាំងវត្តមានកវី និង
បណ្ឌិតខ្មែរជាច្រើនទៀត ។
ដោយហេតុប្រទេសកម្ពុជាគឺជាប្រទេសដែលមានភាពរុងរឿងល្បីល្បាញខាងផ្នែកវប្បធម៏ អរិយធម៏ និងអក្សរសាស្រ្តដូច្នេះហើយ ប្រជាជនខ្មែរគ្រប់រូបគួរតែមានដួងចិត្តក្នុងការថែរក្សា គាំពា វីស័យទាំងអស់នេះឲ្យបានជារឿងរហូតទៅ ។